វេទិកា
ស្តីអំពី កេរដំណែលនៃ ការចូលរួម របស់ដើមបណ្តឹង រដ្ឋប្បវេណី
រៀបចំដោយ សមាគមអាដហុក នៅសណ្ឋាគារ លីជឺ ក្រុងក្រចេះ ខេត្តក្រចេះ
ថ្ងៃទី10 ខែឧសភា ឆ្នាំ២០១៣
សុន្ទរកថាថ្លែងបើក
ឯកឧត្តម ជាក់ ម៉េងហ៊ាង អភិបាលរង ខេត្តក្រចេះ
– សូមគោរពលោក ធន សារាយ ប្រធានសមាគមអាដហុក
– សូមគោរព អ៊ំ មា មីង បងប្រុសស្រី និងអង្គវេទិកាទាំងមូល ជាទីគោរព!
ជាបឋម ក្នុងនាមជួសមុខឲ្យឯកឧត្តម អភិបាលខេត្ត ខ្ញុំសូមថ្លែងអំណរគុណ សម្រាប់លោក ប្រធាន សមាគមអាដហុក ដែលបាន សម្រេចជ្រើសរើស យកទីតាំងខេត្តក្រចេះ សម្រាប់រៀបចំវេទិកា ស្តីអំពីកេរដំណែលនៃ ការចូលរួមរបស់ ដើមបណ្តឹងរដ្ឋប្បវេណី នៅថ្ងៃនេះ ។
អង្គវេទិកា ជាទីគោរព ចាប់តាំងពីពេលដែល រាជរដ្ឋាភិបាលកម្ពុជា ស្នើសុំជំនួយពី សហគមន៍ អន្តរជាតិជាលើកដំបូង ក្នុងឆ្នាំ១៩៩៧ រហូតដល់ពេលបច្ចុប្បន្ន។ អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា(អ.វ.ត.ក) ដែលគេបានស្គាល់ជាទូទៅថា សាលាក្តីខ្មែរក្រហម បានបង្កើតជារូបរាង និងមានទីតាំងនៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ។ កិច្ចការសំខាន់មួយ របស់អង្គជំនុំ ជម្រះវិសាមញ្ញក្នុង តុលាការកម្ពុជា (អ.វ.ត.ក) គឺការទទួលស្គាល់ កាន់តែខ្លាំងចំពោះ ជនរងគ្រោះនៅក្នុងដំណើរការ នីតិវិធីរបស់ខ្លួន។ ជនរងគ្រោះនៃ ឧក្រិដ្ឋកម្មនានា ដែលស្ថិតក្នុងយុត្តាធិការ របស់តុលាការនេះ ទទួលបានតួនាទីជា សារវ័ន្តនៅអ.វ.ត.ក។ ជនរងគ្រោះអាចដាក់ ពាក្យបណ្តឹងទៅ សហព្រះរាជអាជ្ញា ដែលយកផលប្រយោជន៍ របស់ជនរងគ្រោះ ទៅពិចារណា នៅពេលដែលខ្លួន គិតថាត្រូវផ្តួចផ្តើមការចោទប្រកាន់ ឬយ៉ាងណា នោះ។ ជនរងគ្រោះ ក៏អាចចូលរួមក្នុង នាមជាដើមបណ្តឹង រដ្ឋប្បវេណីផងដែរ។ ក្នុងតួនាទីនេះ ជនរងគ្រោះ ត្រូវបានទទួលស្គាល់ ជាភាគីក្នុងដំណើរ ការនីតិវិធី និងត្រូវបានអនុញ្ញាត ឲ្យទាមទារសំណង ផ្លូវចិត្ត និងសមូហភាព។ ការទទួលស្គាល់ បែបនេះ ឆ្លុះបញ្ចាំងនូវការ ប្តេជ្ញាចិត្តរបស់អ.វ.ត.ក ចំពោះអាណត្តិរបស់ខ្លួន ក្នុងការជួយដល់ ប្រជាជនកម្ពុជា ស្វែងរកយុត្តិធម៌ និងការផ្សះផ្សារជាតិ ដូចមានចែងក្នុង បុព្វកថានៃកិច្ចព្រមព្រៀង រវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា ទាក់ទងនឹងការកាត់ សេចក្តីនៅក្រោមច្បាប់កម្ពុជា នូវឧក្រិដ្ឋកម្មដែល ប្រព្រឹត្តឡើងនៅក្នុងរយៈកាលនៃកម្ពុជា ប្រជាធិបតេយ្យ។
ការចូលរួមរបស់ ជនរងគ្រោះ គឺជាលក្ខណ:ពិសេសមួយ ក្នុងការចូលរួម ស្វែងរកយុត្តិធម៌ដោយ ផ្ទាល់សម្រាប់ខ្លួនឯង និងសាច់ញាតិ ដែលអាចផ្តល់ សក្ខីកម្មជាភ័ស្តុតាង ប្រឆាំងនឹងអតីតមេដឹកនាំខ្មែរក្រហម ។ ក្នុងចំណោមជនរង គ្រោះជិត ២លាននាក់ យើងបានដឹងថា ប្រមាណជា ៤០០នាក់ បានចូលរួមជាដើមបណ្តឹង រដ្ឋប្បវេណីនៅក្នុងសំណុំរឿង ទីពីរ(សំណុំរឿង ០០២) ។ កិច្ចការនេះ តុលាការជួប ប្រទះនឹងការលំបាកក្នុងការ ជួយសម្របសម្រួល ជាពិសេស ផ្តល់នូវព័ត៌មាន វិវត្តនានាពីដំណើរការសាលាក្តី ប៉ុន្តែជាសំណាង ដែលបានជួយកិច្ចការ នេះពីសមាគមអាដហុក ដែលអាដហុកបានផ្តល់នូវវគ្គ បណ្តុះបណ្តាលអំពី មូលដ្ឋានច្បាប់ និងសិទ្ធិជាមូលដ្ឋាន ដល់ដើមបណ្តឹង រដ្ឋប្បវេណី ។ បន្ថែមពីលើនេះ អាដហុក មានកម្មវិធីប្រជុំជា ទៀងទាត់ជាមួយតំណាង ដើមបណ្តឹងរដ្ឋប្បវេណី និងជួយសម្របសម្រួល ឲ្យបានជួប ពិភាក្សាផ្ទាល់ជាមួយនឹង ដើមបណ្តឹងរដ្ឋប្បវេណី ។ ការផ្តល់ចំណេះដឹងអំពីសិទ្ធិ និងច្បាប់ជាមូលដ្ឋាន សម្រាប់តំណាងដើម បណ្តឹងរដ្ឋប្បវេណី ដែលមិនមែនជា និស្សិតច្បាប់ មិនមែនជាងាយស្រួល និងងាយយល់ ដឹងនោះទេ ហេតុនេះចំណេះដឹង និងបទពិសោធន៌វិជ្ជមានទាំងអស់នេះ ត្រូវតែធ្វើការចែករំលែក ទៅដល់សហគមន៍ដ៍ទៃផ្សេងទៀត សម្រាប់ប្រើប្រាស់ជាលំនាំមធ្យោបាយ មួយក្នុងការស្វែង រកយុត្តិធម៌នៅចំពោះ មុខតុលាការ ។
នៅតុលាការ កម្ពុជាបច្ចុប្បន្ន ពុំទាន់បានអនុវត្ត ពេញលេញទាំងស្រុងនៅ ឡើយទេសម្រាប់ការប្រើឋាន:ជា ដើមបណ្តឹងរដ្ឋប្បវេណី ក្នុងការផ្តល់យុត្តិធម៌ ជូនឲ្យជនរងគ្រោះ នៃបណ្តាសហគមន៍ ដែលបានរងគ្រោះពី ការរំលោភសិទ្ធិមនុស្សនានា ។ ការចូលរួមជាដើម បណ្តឹងរដ្ឋប្បវេណី ជាមធ្យោបាយស្រប ច្បាប់មួយដែលបាន ចែងនៅក្នុងក្រមនីតិវិធី ព្រហ្មទណ្ឌនៃ ព្រះរាជាណាចក្រកម្ពុជា និងជាមធ្យោបាយ អហឹង្សា មួយដែលគួរ តែសហគមន៍ប្រកាន់យក និងអនុវត្ត ដើម្បីជៀសវាង កុំប្រព្រឹត្តនូវបទឧក្រិដ្ឋជា មធ្យោបាយប្រឆាំង នឹងជនប្រព្រឹត្ត ដែលនាំឲ្យក្លាយ ទៅជាជនរងគ្រោះពីរដង និងជាប់ឃុំខ្លួននៅពន្ធនាគារ ។
ទីបញ្ចប់ ខ្ញុំសូមឲ្យអង្គវេទិកា យកឳកាសនេះជជែក ពិភាក្សាក្នុងន័យជួយ ស្ថាបនាគ្នា ក្នុងការផ្ទេរចំណេះដឹង បទពិសោធន៌ល្អ និងព័ត៌មាន ស្តីពីសិទ្ធិជាមូលដ្ឋាន របស់ដើមបណ្តឹង រដ្ឋប្បវេណី ក្នុងការ ផ្តល់យុត្តិធម៌សម្រាប់ ជនរងគ្រោះ និងសម្រាប់អនាគត មនុស្សជំនាន់ក្រោយ ប្រកាន់យកនូវគំរូ និងបទពិសោធន៍វិជ្ជមាន តាមផ្លូវតុលាការ ។
ខ្ញុំសូមប្រកាស បើកអង្គវេទិកាចាប់ពីពេលនេះតទៅ !