វេទិកាស្តីអំពី កេរដំណែលនៃ ការចូលរួមរបស់ ដើមបណ្តឹង រដ្ឋប្បវេណី
នៅសណ្ឋាគារ លីជឺ ក្រុងក្រចេះ ខេត្តក្រចេះ
ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៣
សុន្ទរកថា ស្វាគមន៍
លោក ធន សារាយ ប្រធាន សមាគមអាដហុក
ថ្ងៃនេះ សមាគមអាដហុក បានរៀបចំវេទិកាស្តីអំពីកេរដំណែលនៃ ការចូលរួមរបស់ដើមបណ្តឹង រដ្ឋប្បវេណី ជាផ្នែក មួយក្នុង ចំណោម ផ្នែកពាក់ព័ន្ធ ដ៏ទៃទៀត ដែលសាលា ក្តីខ្មែរក្រហមបាន បន្សល់ទុក ។ សារៈសំខាន់នៃ អង្គវេទិកា គឺនឹងលើកយកនូវ បទពិសោធន៍វិជ្ជមាននៃការចូលរួម ស្វែងរកយុត្តិធម៌ របស់ជនរងគ្រោះ ជាដើមបណ្តឹង រដ្ឋប្បវេណី ដែលបានចូលរួម ក្នុងដំណើរការ នីតិវិធីសាលាក្តី ខ្មែរក្រហម សម្រាប់ជាគំរូមេរៀន ជាព័ត៌មានសម្រាប់តំណាង សហគមន៍នានា ដើម្បីជាមូលដ្ឋាន ចំណេះដឹង និងមធ្យោបាយ ចូលរួមស្វែងរកយុត្តិធម៌ ដោយផ្ទាល់សម្រាប់ ធានាអនាគតនៃ ក្មេងជំនាន់ក្រោយ ។
ការចូលរួម របស់ជនរងគ្រោះ គឺជាលក្ខណ:ពិសេសមួយ ក្នុងចំណោមលក្ខណ:ពិសេសនានា នៅសាលាក្តី ខ្មែរក្រហម ដែលគេបាន ឲ្យជនរងគ្រោះ ជាដើមបណ្តឹងរដ្ឋប្បវេណី ផ្តល់សក្ខីកម្ម នូវព្យសនកម្មពី ឧក្រិដ្ឋកម្ម ជាភស្តុតាង ប្រឆាំងនឹងអតីត មេដឹកនាំខ្មែរក្រហម ។ បច្ចុប្បន្ន ការជំនុំជម្រះក្តី បាននឹងកំពុង ដំណើរការជំនុំជម្រះ សំណុំរឿង ០០២ និងមានការចូលរួម របស់ដើមបណ្តឹង រដ្ឋប្បវេណី ប្រមាណជា ៤០០នាក់ ជាជនរងគ្រោះ បានតាំងខ្លួនប្រឆាំងនឹង អតីតមេដឹកនាំ ខ្មែរក្រហមចំនួន ៤រូប ដែលសព្វថ្ងៃ នៅសល់តែ ២រូប គឺលោក នួន ជា និងលោក ខៀវ សំផន ។ សម្រាប់ដំណើរ ការតុលាការខ្មែរក្រហម ថ្វីត្បិតតែជាតុលាការអន្តរជាតិ ប៉ុន្តែដំណើរការ អនុលោមតាម ច្បាប់នៃ ព្រះរាជាណាចក្រកម្ពុជា និងច្បាប់អន្តរជាតិ ។
បន្ថែមពីលើ ការចែករំលែក នូវចំណេះដឹង បទពិសោធន៍ ដោយផ្ទាល់ពីតំណាងដើម បណ្តឹងរដ្បវេណី យើងនឹងមាន ការបង្ហាញនូវមូលដ្ឋាន គតិយុត្តពាក់ព័ន្ធ ដូចជា ក្រមនីតិវីធីព្រហ្មទណ្ឌ ចំពោះការចូលរួមក្នុង ដំណើរការតុលាការជាតិ និងវិធានផ្ទៃក្នុងរបស់តុលាការខ្មែរក្រហម ដើម្បីជាព័ត៌មានផ្នែកច្បាប់ ដែលនឹងបង្ហាញ ជូនពីវាគ្មិនមេធាវីក្នុងវេទិកានេះផងដែរ ហេតុនេះវេទិកាថ្ងៃនេះ វាពិតជាមានប្រយោជន៍ សម្រាប់សិក្ខាកាម ជាពិសេសតំណាង សហគមន៍ដែលបាន ចូលរួមទទួលបាននូវ ចំណេះដឹង អំពីសិទ្ធិជាមូលដ្ឋានរបស់ជនរងគ្រោះ ជាដើមបណ្តឹងរដ្ឋប្បវេណី និងវិធីចូលរួម ស្វែងរកយុត្តិធម៌ដោយផ្ទាល់ ។
ចំពោះផែនការ សកម្មភាពរបស់ សមាគមអាដហុក បន្ទាប់ពីផ្តល់ ឳកាសឲ្យដើមបណ្តឹងរដ្ឋប្បវេណី និងសហគមន៍ បានជួបជុំជជែកផ្លាស់ប្តូរ បទពិសោធន៍ ក្នុងវេទិកាថ្នាក់ខេត្ត និងបន្តជួយឲ្យតួអង្គទាំងពីរ បានជួបប្រជុំជាមួយនឹង សមាជិកសហគមន៍ ណាមួយ ដែលរងគ្រោះ ពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដើម្បីស្វែងរក ដំណោះស្រាយនៅក្នុងដំណើរការតាម ប្រព័ន្ធតុលាការជាតិ សម្រាប់ធានាថា ឋាន:របស់ពិតជាតួអង្គ សំខាន់មួយរួមចំណែកផ្តល់ យុត្តិធម៌ជូនជនរងគ្រោះ និងសាច់ញាតិ ជនរងគ្រោះ ដោយផ្ទាល់ ។
ពាក់ព័ន្ធនឹងការ ចូលរួមរបស់ ដើមបណ្តឹងរដ្ឋប្បវេណី នៅក្នុងដំណើរការសាលាក្តីខ្មែរក្រហម សមាគមអាដហុកកត់ សម្គាល់នូវភាពគំរូ វិជ្ជមាន ដែលនឹងមានយកប្រើប្រាស់សម្រាប់ ប្រព័ន្ធតុលាការជាតិ និងជាគំរូសម្រាប់តុលាការ អន្តរជាតិដ៏ទៃផ្សេងទៀត ក្នុងការផ្តល់ឳកាស ឲ្យដើមបណ្តឹងរដ្ឋប្បវេណី ចូលរូមស្វែងរក យុត្តិធម៌ដោយផ្ទាល់ ដើម្បីធានាបាន នូវការសះជាពីរ បួសផ្លូវចិត្ត និងស្ងប់ចិត្ត ឆ្ពោះទៅផ្លាស់ប្តូរ ផ្នត់គំនិតពីការខ្លាចរអាស្ថាប័ន តុលាការ ទៅជាចូលរួមស្វែងរក ដំណោះស្រាយដោយផ្ទាល់ ហើយនឹងអាចបន្តជាគំរូ សម្រាប់មនុស្ស ជំនាន់ក្រោយ ។ ដើមបណ្តឹងរដ្ឋប្បវេណី នឹងជួយសាងទំនុកចិត្តឡើងវិញ នូវការស្តារគុណភាព តុលាការនៅ ប្រទេសកម្ពុជា ជាពិសេសបញ្ហា អព្យាក្រឹតភាព និងឯករាជ្យតាម មុខងារវិជ្ជាជីវ ដែលបច្ចុប្បន្នភាព កំពុងមានការរិះគន់ពី ប្រជាពលរដ្ឋភាគច្រើន ។
ទីបញ្ចប់ ខ្ញុំសង្ឃឹមថា វេទិកានេះនឹងអាចរួម ចំណែកក្នុងជួយស្តារ ទំនុកចិត្តក្នុងប្រសិទ្ធភាព កែទម្រង់តុលាការនៅ កម្ពុជា និងឆ្ពោះទៅកាន់ការផ្លាស់ ប្តូរឥរិយាបទរបស់ប្រជាពលរដ្ឋ ជាពិសេសតំណាង សហគមន៍ក្នុងការផ្តល់ យុត្តិធម៌ដល់ជនរងគ្រោះ និងក្រុមគ្រួសារជនរងគ្រោះ ដែលរងគ្រោះពីឧក្រិដ្ឋកម្ម នៃការរំលោភសិទ្ធិមនុស្សនានា ។
សូមអរគុណ !