ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៥ សមាគមអាដហុកខេត្ត សៀមរាប បានរៀបចំវេទិការសាធារណៈស្តីពីការធ្វើទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាពនៅភូមិ ស្វាយជុំ ឃុំតាសោម ស្រុកអង្គរជុំ ខេត្ត សៀមរាប ដោយមានការចូលរួមពី លោក យ៉ា ប៊ាន មេឃុំ តាសោម លោក ជា ហេង អនុប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស ខេត្ត សៀមរាប លោក នី លីហេង មន្ត្រីកម្មវិធី ស្ត្រី និងកុមារសមាគមអាដហុកភ្នំពេញ ជាវគ្មិន រួមជាមួយប្រជាពលរដ្ឋចំនួន ៥០នាក់ ប្រុស ២២នាក់ ស្រី ២៨នាក់ ដោយមានការសំរបសំរួលពី អ្នកស្រី ម៉ៅ យិន អ្នកសម្របសម្រួលសមាគមអាដហុកខេត្ត សៀមរាប។
ថ្លែងបើកកម្មវិធី លោក ជា ហេង អនុប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស ខេត្ត សៀមរាប បានស្វាគមន៍ដល់សមាគមអាដហុកដែលបានចំណាយពេលវេលាមករៀបចំវេទិការសារធារណៈនៅពេលនេះ ដោយបានបញ្ជាក់ប្រាប់ពីលេខទូរសព្ទ័លោកដល់អ្នកចូលរួមដើម្បីទំនាក់ទំនងក្នុងការប្តឹង ក៍ដូចជារាយការណ៏អំពីករណីជួញដូរដែលបានកើតឡើង និងបានលើកឡើងពីសកម្មភាពការងារមួយចំនួនដែលការិយាល័យជួញដូរ នៃស្នងការនគរបាលខេត្តសៀមរាបបានធ្វើដូចជា ផ្សព្វផ្សាយច្បាប់ជួញដូរ ការធ្វើចំណាកស្រុកដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន ចុះបង្រាបអំពើជួញដូរមនុស្ស បទល្មើសរួមភេទជាមួយអនីតិជនអាយុក្រោម ១៥ឆ្នាំ និងបានណែនាំអោយប្រជាពលរដ្ឋដែលមានបំណងធ្វើចំណាកស្រុក ត្រូវធ្វើចំណាកស្រុកស្របច្បាប់ ដោយមានលិខិតឆ្លងដែនត្រឹមត្រូវ ជៀសវាងការធ្វើចំណាកស្រុកខុសច្បាប់ទាំងប្រថុយប្រថាន ដោយលោក ជា ហេង បានលើកឧទាហរណ៏ពីករណីពលរដ្ឋទៅធ្វើការខុសច្បាប់ជាអ្នកនេសាទ តាមមេខ្យល់ទៅប្រទេសថៃ ត្រូវបានថៅកែបង្ខំអោយធ្វើការនៅលើទូក ៣ឆ្នាំ ទើបស្គាល់គោកម្តង និងមិនបើកប្រាក់ខែ លោកក៏បានលើកឡើងពីស្ត្រីខែ្មរដែលរៀបការទៅប្រទេសចិន ត្រូវបានមេខ្យល់លក់ក្នុងតំលៃ ១១០០០ដុល្លាក្នុងម្នាក់ ដោយមានការបង្ខំរួមភេទពីប្តី ធ្វើបាបដោយអុចនិងបារី និងត្រូវម្តាយក្មេកបង្ខំអោយទៅធ្វើការនៅលើភ្នំ។
លោក យ៉ា ប៉ាន មេឃុំ បានថ្លែងអំណរគុណដល់សមាគមអាដហុក ដែលបានរៀបចំវេទិការក្នុងឃុំរបស់លោក ដែលទាក់ទងទៅនិងការធ្វើទេសន្តរប្រវេសន៍ និងសូមអោយមានការចូលរួមច្រើនជាងនេះថែមទៀត។
លោក នី លីហេង មន្ត្រីកម្មវិធី ស្ត្រី និងកុមារ នៃសមាគមអាដហុកភ្នំពេញ បានថ្លែងក្នុងអង្គវេទិការសាធារណៈជំរាបជូនទៅអ្នកចូលរួមអោយយល់ពី ការធ្វើទេសន្តរប្រវេសន៍ដោយស្របច្បាប់ និងការធ្វើទេសន្តរប្រវេសន៍មិនស្របច្បាប់ ត្រូវចេះពិចារណាថ្លឹងថ្លែងអោយបានម៉ត់ចត់ ពីគ្រោះថ្នាក់ និងភាពជោគជ័យ មុនសំរេចចិត្តធ្វើទេសន្តរប្រវេសន៍ លើកឡើងស្ថានភាពពលករទេសន្តរប្រវេសន៍កម្ពុជាកំពុងជួបប្រទះ កិច្ចអន្តរាគមន៍របស់សមាគមអាដហុក ដែលធ្លាប់បានធ្វើកន្លងមក ក្នុងការជួយដល់ជនរងគ្រោះ និងបានបំផុសលើកទឹកចិត្តទៅអ្នកចូលរួមហ៊ានលើកឡើងពីបញ្ហារបស់ខ្លួន ដោយកុំមានការភ័យខ្លាច។
បន្ទាប់មកមានការចោទសួរជាសំណួរពីអ្នកចូលរួម និងការធ្លើយពីវគ្មិនដែលបានចូលរួមប្រកបដោយភាពរីករាយ និងស្និតស្នាល។