របាយការណ៍ស្ថានភាពអំពើហឹង្សាលើស្រ្តីនិងកុមារ ក្នុងឆ្នាំ​២០១១

សេចក្តីសង្ខេបនៃរបាយការណ៍៖

រដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់លើកកំពស់សិទ្ធិស្ត្រី កុមារ​ និងគោល​នយោបាយ​សមភាព​យិនឌ័រ ជាពិសេសបង្កើតច្បាប់ ស្តីពីការទប់ស្កាត់ អំពើហិង្សា ក្នុងគ្រួសារ និងកិច្ចការពារ​ជនរងគ្រោះ ច្បាប់ ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដើម្បី​ធានានូវ ការ​គោរព សិទ្ធិមនុស្ស សិទ្ធិកុមារ និង​សមភាពយិនឌ័រ​ ។ គោលនយោបាយលើកកំពស់សិទ្ធិស្ត្រី កុមារ និង យិនឌ័រត្រូវបានចែង នៅក្នុងផែនការអភិវឌ្ឍន៍ជាតិ​ ដែលជាការបង្ហាញនូវឆន្ទៈ របស់រាជ រដ្ឋាភិបាល ក្នុងការធានានូវ​ការគោរព សិទ្ធិមនុស្ស។ ទោះបីជា យ៉ាងណាក៍ដោយក៍ស្ថានភាព សិទ្ធិស្រ្តី និងកុមារ នៅប្រទេសកម្ពុជា ក្នុងឆ្នាំ ២០១១ នៅតែ​មិនទាន់បានល្អប្រសើរ​នៅ​ឡើយ បើតាមការសង្កេតរបស់សមាគមអាដហុក ។ ទិន្នន័យដែល សមាគមអាដហុក ទទួលបាន ក្នុងឆ្នាំ ២០១១​ នេះពុំបាន បញ្ជាក់ថា អំពើ ហិង្សាក្នុង​គ្រួសារ ​​បាន​ធ្លាក់​ចុះនោះនៅឡើយទេ។ ការអនុវត្តន៍​ច្បាប់ ស្តីពីការទប់ស្កាត់អំពើហិង្សា ក្នុងគ្រួសារ និង​កិច្ច​ការ​ពារ​ជនរងគ្រោះ និង​ច្បាប់ដទៃទៀត ពុំទាន់មានប្រសិទ្ធភាពនៅឡើយ និង ភាពយឺតយ៉ាវ​នៃការ​ផ្លាស់ប្តូរ​ផ្នត់គំនិត និង អាកប្បកិរិយារបស់ ​បុរសចំពោះស្រ្តី គឺជាកត្តាដ៏សំខាន់ៗ ដែលបន្ត​អោយកើតមាន នូវអំពើ​ហិង្សា​ក្នុង​គ្រួសារ​នេះ។ ទោះបីជាទទួលរង​នូវ អំពើហិង្សាយ៉ាង ធ្ងន់ធ្ងរយ៉ាងណាក្តី យើងសង្កេត​ឃើញ​ថា ជនរងគ្រោះ ជាទូទៅ​ពុំចង់អោយមាន ការ​ដាក់ទោស ដល់ សមាជិកគ្រួសាររបស់ខ្លួន ដែលបានប្រព្រឹត្ត​អំពើ​​ហិង្សា​នេះទេ។ ​ក្នុងករណីជាច្រើន​ ជនរងគ្រោះ​គ្រាន់តែសុំប្តឹង ​អោយមានការ​លែងលះគ្នាតែប៉ុណ្ណោះ។ កត្តានេះក៏ជាឧបសគ្គមួយដែរ ដែលធ្វើអោយអំពើហិង្សា នេះមិនអាចកាត់​បន្ថយបាន ដោយ សារ​ជនល្មើស​​នៅអាង​លើ មនោសញ្ចេតនាអនុគ្រោះ ពីជនរងគ្រោះបែបនេះ។ ឱកាសនៃការចូលរួមការងារ សង្គមរបស់ស្ត្រី ដែលនៅមានកំរិត ក៍ជាកត្តាមួយទៀតដែរ ដែលភាគ​ច្រើនអាចក្លាយជាជនរងគ្រោះ នៃអំពើហិង្សាក្នុងគ្រួសារនេះ ។ ការធ្លាក់ចុះនូវសីលធម៌ សង្គម ក្នុងការ​អធ្យាស្រ័យគ្នា គោរពគ្នាទៅវិញទៅមក និង មិនយកហិង្សា ក្នុងការដោះស្រាយបញ្ហា ក៍ជាកត្តាមួយ​ដែលធ្វើឲ្យ អំពើហិង្សានៅតែបន្តកើតមានដែរ​។

​ឆ្នាំ ២០១១ នេះជាឆ្នាំទី ១ ដែលយើងសង្កេតឃើញថាចំនួន នៃអំពើរំលោភសេពសន្ថវៈ ​ពុំបាន​កើនឡើង​ច្រើន ដូចបណ្តាឆ្នាំមុនៗទេ។ ប៉ុន្តែចំនួនជនរងគ្រោះ ដែលជាអនីតិជន (ក្រោម ១៨ឆ្នាំ) នៅតែ​មាន​ចំនួនច្រើនលើសលុប​(៧២%) ដែលគួរ​អោយព្រួយបារម្ភដដែល។ យើងសង្កេត ឃើញមាន ការខិតខំ​ប្រឹងប្រែង ពីអាជ្ញាធរមានសមត្ថកិច្ច ​ក្នុងការ​ទប់​ស្កាត់ បទរំលោភសេពសន្ថវៈនេះ ប៉ុន្តែក៏នៅតែកើតមានការ​សម្រុះសម្រួលករណីរំលោភជាសំណង​រដ្ឋប្បវេណី ទៅជនរងគ្រោះ ដើម្បី បញ្ចប់បណ្តឹងព្រហ្មទណ្ឌតែម្តង​ (ការសម្រុះសម្រួលធ្វើឡើងដោយ​អាជ្ញាធរ​​មូលដ្ឋានមាន ១១,៣៤% នៃករណីទាំងអស់ និង ២,៥២% ដោយ​តុលាការ)។ កត្តាដែលនៅមានការ​សម្រុះ​សម្រួលបែបនេះ ហើយដែលធ្វើអោយមាន ឧបសគ្គ​ នៅក្នុងការ​កាត់បន្ថយ​នៃអំពើរំលោភសេព​សន្ថវៈ​នេះ។

តាមរបាយការណ៍អង្កេត របស់សមាគមអាដហុកបានបង្ហាញថា ​ការជួញដូរផ្លូវភេទ នៅតែ​បន្ត​កើត​មានទាំងនៅក្នុងប្រទេស​ និងទៅក្រៅប្រទេស ។ ការស៊ើប​អង្កេត​វែកមុខ​រកអ្នកប្រព្រឹត្ត អំពើនេះមាន​ការ​លំបាក​ ស្មុគ្រស្មាញឡើងៗ ដោយសារអំពើនេះ ​បាន​ប្រព្រឹត្តនៅក្នុងកន្លែង អាជីវកម្ម​ ស្របច្បាប់​មួយ​ចំនួន​ដូចជា ហាងម៉ាស្សា ហាងខារ៉ាអូខេ ក្លឹបកំសាន្ត​ជាដើម។ល។ ម៉្យាងទៀត អ្នកដែលប្រព្រឹត្តអំពើនេះ​​ច្រើនមាន​ខ្នង​បង្អែករឹងមាំ​សំរាប់ការពារ ពួកគេ។ ជាក់ស្តែង ជា ញឹកញាប់ ពេលសមត្ថកិច្ចចុះបង្រ្កាបបទ​ល្មើស​ជួញដូរ​ភេទ គឺច្រើនតែបានរំដោះ​នារី​រងគ្រោះ និង ចាប់ឃាត់ខ្លួនមេការតូចតាច តែប៉ុណ្ណោះ ចំណែក​ថៅកែ ឬ​ម្ចាស់​ហាងទាំងនោះ​មិនត្រូវ​បានផ្តន្ទា ទោស ទេ ឬមានត្រឹមតែដីកាឃាត់ខ្លួនប៉ុណ្ណោះ។

ក្នុងឆ្នាំ ២០១១​ សហរដ្ឋអាមេរិក បានរក្សាលំដាប់ថ្នាក់ដូចឆ្នាំមុខគឺ ចំណាត់ថ្នាក់លេខ២ និង​មិន​តាមឃ្លាំមើល​ទេដល់ប្រទេសកម្ពុជា អំពីបញ្ហាជួញដូរភេទ នេះ[1]។ សមាគមអាដហុក ក៏មានការ​ឯកភាព ក្នុងការរក្សាចំណាត់ថ្នាក់​នេះដែរ ហើយសង្ឃឹមថារាជរដ្ឋាភិបាលកម្ពុជា និងបន្តខិតខំ​អោយបានខ្លាំងក្លា ថែមទៀតដើម្បីរក្សា ឬធ្វើអោយ​ចំណាត់ថ្នាក់នេះ កាន់តែប្រសើរ​ឡើងថែមទៀត​នៅក្នុងឆ្នាំ២០១២​ នេះ។

ដោយឡែកការជួញដូរកំលាំងពលកម្មត្រូវបានគេចាត់ទុក ជា​ទាសភាព​សម័យថ្មី​ នៃ សតវស្សទី២១ នៅតែមានសន្ទុះគួរអោយព្រួយបារម្ភដែរ ដោយសារ​បញ្ហា​ក្រីក្រ ការបាត់បង់ដីធ្លី កំរិតចេះដឹងរបស់​ប្រជាពលរដ្ឋ​នៅទាប ទីផ្សារការងារ​នៅក្នុងប្រទេសចង្អៀត បាន​បណ្តាលឲ្យ ប្រជាជនកម្ពុជា​ដែល​ស្ថិត​ក្នុងស្ថានភាពទាល់ច្រក ​ក្នុងការរកទទួលទាន ដើម្បីទ្រទ្រង់ជីវភាព​រស់នៅ  ​សម្រេចចិត្តធ្វើចំណាក​ស្រុក​ដោយប្រថុយប្រថានយ៉ាងគ្រោះថ្នាក់បំផុត ជឿតាមមេខ្យល់ទៅ​រក​ការងារ​ធ្វើនៅប្រទេសជិតខាង ពិសេស​ទៅប្រទេស​ថៃ។

តាមការសង្កេតកន្លងមកយើងកត់សំគាល់ថា ឆ្នាំ២០១១​ គឺជាឆ្នាំដែលអាក្រក់បំផុត ​នៃការ​រំលោភ​​បំពាន​ដល់សិទ្ធិពលករចំណាកស្រុក ពិសេសពលករ​ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី។ មតិមួយ​ចំនួន​បាន​ហៅ​រូបភាពនៃការរំលោភសិទ្ធិនេះ ថាជាទាសភាពសម័យទំនើប។ ករណី ភាគច្រើនកើតមាន​ចាប់​តាំងពី​ការចូលរួមវគ្គបង្ហាត់អោយចេះធ្វើការតាមផ្ទះនៅក្នុងស្រុក រហូតដល់ ទៅ​ធ្វើការនៅ​ប្រទេស​ម៉ាឡេស៊ី ពលការីនី​​មួយចំនួនធំ ទទួលរងនូវការរំលោភបំពាននូវសិទ្ធិរបស់ ខ្លួន យ៉ាងធ្ងន់ធ្ងរបំផុត មានខ្លះ​រហូត​ដល់ស្លាប់បាត់បង់ជីវិតទៀតផង​ ។ ដោយសារទង្វើរំលោភ ដ៏ធ្ងន់ធ្ងរនេះ បានបណ្តាល​អោយ​ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា សំរេចផ្អាកការនាំចេញពលការីនីឲ្យ ទៅធ្វើការតាមផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ីបន្ត​ទៅទៀត។ ក្រោយការផ្អាកនេះ ក៍មានបញ្ហា ស្មុគ្រស្មាញ ខ្លះទៀត​កើតឡើងគឺ ការបាត់​ទំនាក់​ទំនង​រវាង​ពលការីនី នឹងក្រុមគ្រួសារនៅឯកម្ពុជា ការពិបាក តាមរកអាស័យដ្ឋាន និងការតាម​ឃ្លាំមើល​ពីសុខទុក្ខ​របស់ពលការីនី ដែលមានចំនួនប្រមាណ ៣ម៉ឺននាក់ទៀត ដែលកំពុងបន្ត​ធ្វើការតាម​ផ្ទះនៅ​ប្រទេស​ម៉ាឡេស៊ី ។ ព្រោះថាក្រុមហ៊ុនខ្លះបាន ត្រូវដកអាជ្ញាប័ណ្ណ ហើយក្រុមហ៊ុនខ្លះ​ទៀត​បាន​បញ្ឈប់សកម្មភាព ធ្វើអោយ​ក្រុមគ្រួសារ នៅ កម្ពុជាមានការពិបាកទាក់ទង និង​ដឹងពីអាស័យដ្ឋាន​របស់ពលការីនីទាំងនោះ។​

ស្ថាប័នរដ្ឋដែលពាក់ព័ន្ធហាក់ពុំបានផ្តល់ពត៌មាន អោយបានច្បាស់លាស់ពីអាស័យដ្ឋាន និង​សុខទុក្ខរបស់​ពលការីនី​ អោយដល់គ្រួសារ របស់ ពួកគេនៅឡើយដែរ ។ មានពាក្យបណ្តឹង ជា ច្រើន​បាន​មកប្តឹងដល់អង្គការសង្គម​ស៊ីវិលនានាអោយជួយរកកូនចៅ បងប្អូន ដែលជាពលការីនី ទាំងនោះ។​ សរុបមក ទាំងពលករីនីដែលកំពុងស្ថិតក្នុងអណត្តិការងារ ក៍ដូចជាអ្នកដែលផុតអណត្តិ ការងារ កំពុងតែប្រឈមមុខ នឹងការខ្វះអ្នកទទួលខុសត្រូវ និងជួយតាមដានសុវត្តិភាពរបស់ខ្លួន ។

ជាសរុប​ ប្រទេសកម្ពុជាយើងមាន ទាំងច្បាប់ និងគោលនយោបាយដើម្បីលើកតម្កើង ​និង​ការពារសិទ្ធិស្ត្រី និងកុមាររួចហើយ ។​ ទាំងនេះ ជាទឡ្ហីក​ដែលបង្ហាញ នូវការខិតខំប្រឹងប្រែង របស់​រាជរដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិលដែលនឹងជួយឲ្យស្ថានភាពរបស់ស្ត្រីកាន់តែប្រសើរ ។ ទោះបី​​ជា​យ៉ាងណាក៍ដោយ ក៍មិនអាចផ្លាស់ប្តូរស្ថានភាពអោយបានជោគជ័យភ្លាមៗនោះទេ ។ ការ ផ្លាស់ប្តូរ​​​​ឥរិយាបថ និង ផ្នត់គំនិតរបស់វប្បធម៌ខ្មែរ​ទាក់ទិននឹងការរំលោភ និង ការរើសអើង​ចំពោះ​ស្រ្តី គឺបាន​ចាក់គ្រឹះយ៉ាង​ជ្រៅ ដែលធ្វើឲ្យដំណើរការផ្លាស់ប្តូរនូវទស្សនៈមានការយឺតយ៉ាវ ។ និទណ្ឌភាព​នៃទង្វើ​រំលោភសិទ្ធិ​ស្ត្រីនៅតែមានកំរិតខ្ពស់ បើទោះបីជាយើងមានយន្តការ​ផ្លូវច្បាប់​ក៍ដោយ ​។ ស្ត្រី គឺជាអ្នកទទួល​រងនូវ​ផល​ប៉ះពាល់ដោយមិនសមស្រប​ ដោយសារបញ្ហា​ជាច្រើនដូចជា ការរំលាភយកដីធ្លី និងអំពើជួញដូរ ។ សង្កេតឃើញមានការអភិវឌ្ឍន៍បានមួយចំនួន ប៉ុន្តែទាមទារ​ឲ្យមានការយកចិត្ត​ទុកដាក់​បន្ថែមទៀត ក្នុងការលើកតម្កើងសិទ្ធិស្ត្រី និងកុមារ ដើម្បី​ការអភិវឌ្ឍន៍​សង្គមប្រកបដោយនិរន្តរភាព។



[1] យោងរបាយការណ៍ជួញដូរមនុស្សឆ្នាំ ២០១១ របស់ស្ថានទូតអាមេរិក តាមរយៈអាស័យដ្ឋាន http://www.state.gov/j/tip/rls/tiprpt/2011/164231.htm Viewing by Publication