មន្ត្រី​បរិស្ថាន​បឹង​ពែរ​​ ប្រើទារុណកម្ម លើយុវជន អាយុ ១៧ឆ្នាំ

ព្រះ​វិហាៈ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៣  អ្នកស្រី ផុន សុភាព ​អាយុ​៣៣ឆ្នាំ​ ​នៅ​ក្នុង​ភូមិ​ចុង​ដូង ​ឃុំ​ចុងដូង​ ស្រុក​បា​រាយ​ណ៍ ខេត្ត​កំពង់ធំ​ បាន​ដាក់​ពាក្យ​បណ្តឹង​ចូល​ សមាគម​សិទិ្ធ​មនុស្ស​ អាដ​ហុក​ ខេត្ត​ព្រះវិហារ​ ដើម្បី​សុំ​​កិច្ច​អន្តរាគមន៍​ពី​អង្គ​ការ​នេះសូម​ឲ្យ​ជួយ​ប្អូន​ប្រុស​ របស់អ្នកស្រី ឈ្មោះ អ៊ល សល់ អាយុ ១៧​ឆ្នាំ ដែលត្រូវបាន​មន្រ្តី​បរិស្ថាន​ដែន​ជម្រក​សត្វព្រៃ​បឹងពែរ​ចាប់​ខ្លួន​វាយ​ដំធ្វើ​ទារុណ្ឌ​​កម្ម កាលពីថ្ងទី១២ ខែកុម្ភៈ ឆ្នាំ២០១៣ កន្លងមក។

នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៣ ឈ្មោះ អ៊ល សល់ បានចេញដំណើរពីភូមិរបស់ខ្លួន ​ទៅ​ស៊ី​ឈ្នួល​បើក​គោយន្ត​ដឹក​កាក​សំណល់ឈើ (ជំរៀកឈើដែលនៅសេសសល់) ចេញពី ភូមិអូរពោ ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ ទៅ​ភូមិ​ចុង​ដូង ​ឃុំ​ចុងដូង​ ស្រុក​បា​រាយ​ណ៍ ខេត្ត​កំពង់ធំ​ ​យក​ទៅ​ធ្វើ​គ្រឿង​សង្ហារិម​​។ នៅវេលាម៉ោងប្រហែល ៧យប់ ​គោយន្ត របស់ អ៊ល សល់ ​បាន​បើក​ឆ្លងកាត់​ដែន​ជម្រក​សត្វ​ព្រៃ​បឹងពែរ​ ស្ថិត​នៅ​ក្នុង​ស្រុករវៀង ​ជាមួយ​នឹង​គោយន្ត​២គ្រឿង​ផ្សេង​ទៀត។ ពេលនោះ មន្រ្តី បរិស្ថាន គ្រប់គ្រងជម្រកសត្វព្រៃ បានចាប់ឃាត់ខ្លួន យុវជន អ៊ល សល់ ហើយចំណែកឯ គោយន្ត​២គ្រឿង​ទៀតមិនត្រូវ​​បាន​មន្រ្តី​បរិស្ថាន​ដែន​ជម្រកសត្វ​ព្រៃ​បឹង​ពែរ​ចាប់នោះ​ទេ។ ក្នុងពេល ឃាត់ខ្លួន នោះមានមន្រ្តី​បរិស្ថាន ចំនួន ​៨នាក់ បានចាប់ យុវជន អ៊ល សល់ ដាក់​ខ្នោះ​ដៃ ​និង និងយកទៅ​​ដាក់​ច្រវាក់​ជើង​ផ្អោប​ទៅ​​នឹង​សសរ ហើយ បង្អត់ ​បាយ​ ​ទឹក​ ​ពេញ​មួយ​យប់​។

យោងតាម បងស្រីជនរងគ្រោះ អ្ន​កស្រី​ ផុន សុភាព បាន​ចាត់​ទុក​ទង្វើ​​របស់​មន្ត្រី​បរិស្ថាន​ទាំងនេះ​ថា ជា​ការ​ធ្វើ​ទារុណកម្ម​ខុស​ច្បាប់។ ហើយពី​មុន​ពួក​មន្ត្រី​ទាំង​នោះមិន​ដែល​ចាប់​បែប​នេះ​ទេ​ គឺ​គេ​ឲ្យ​បង់​លុយ​ពី៦ ​ទៅ ​៨ម៉ឺន​រៀល។ អ្នក​ស្រី​ផុន សុភាព​បាន​​ឲ្យ​ដឹង​ទៀត​​ថា​ បន្ទាប់​មក​ប្អូន​ប្រុស​អ្នក​ស្រី ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​តុលា​ការ​​ខេត្ត​ព្រះ​វិហារ​ នៅ​ថ្ងៃ​ទី​​១៣ ​ខែ​កុម្ភៈ។​ តុលាការ​ខេត្ត​បាន​សម្រេច​​ដាក់​ពន្ធ​នាគារ​ប្អូន​ប្រុស​របស់​អ្នក​ស្រី​​​     បណ្តោះអាសន្ន​ពី​ បទ​​រារាំង​សមត្ថកិច្ច ​និង​ដឹក​ជញ្ជូន​អនុផល​ព្រៃ​ឈើ​ខុស​ច្បាប់។

អ្នក​ស្រី​អះ​អាង​​ទៀត​ថា៖ «ប្អូន​ប្រុស​ខ្ញុំត្រូវ​គេ​ដាក់​នៅ​ក្នុង​បន្ទប់​មួយ​ជា​មួយ​​អ្នក​ទោស​ជាង​២០​នាក់​ទៀត​។ ពេល​ទៅ​ដល់​ក្នុង​គុក​ភ្លាម​ប្អូន​ប្រុស​ខ្ញុំត្រូវ​អ្នក​ជាប់​គុក​ដូច​គ្នា​វាយ​​ធ្វើ​បាប។ គេវាយ​​ហើយ​ស្រែ​ក​​ថា​ អ្ហែង​មក​ធ្វើ​អី។ ទី​នេះ​ពិបាក​ណាស់ ដឹង​​រឿង​បែប​នេះខ្ញុំ​​បាន​​យក​លុយ​៣លាន​​រៀលទៅ​តម្កល់​នៅ​តុលា​ការ​ សុំ​ធានាប្អូន​​ខ្ញុំ​​ចេញ​​ពី​ពន្ធ​នា​គារ​»​។​ ប្អូន​ប្រុស​របស់​អ្នក​ស្រីត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ  ​​បណ្តោះ​អា​សន្ន​កាល​ពី​សប្តាហ៍​មុន​។ អ្នក​ស្រី​បាន​ស្នើ​ឲ្យ​អាដ​ហុកជួយ​​អន្តរាគមន៍​រក​យុត្តិ​ធម៌ និង​សុំ​យក​គោយន្ត​ និង​​​ឈើ​​ពី​ដែន​ជម្រក​​សត្វ​ព្រៃ​បឹងពែរ​ម​កវិ​ញ​។

ក្រោយ​ពី​ទទួល​ការ​សុំ​អន្តរាគមន៍ពី​ស្រី្ត​ជាបង​ជន​រង​គ្រោះ​ លោក​ ឡោ ចាន់ ​អ្នក​សម្រប​សម្រួល​​សមាគម​​ការ​ពារ​សិទ្ធិ​មនុស្ស​​អាដ​ហុក​ ខេត្ត​ព្រះវិហារ បាន​ដាក់​លិខិត​មួយ​ច្បាប់​ទៅ​តុលា​ការ​​ខេត្ត នៅ​ថ្ងៃ​ចន្ទ​ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៣ ដើម្បី​សុំ​ឲ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ករណី​នេះ​។

លោក​បាន​​បញ្ជាក់​ថា៖«ការ​ចាប់​ខ្លួន​មនុស្ស​អាយុ១៧​ឆ្នាំ​ដាក់​ខ្នោះ​ដៃ​ និង​ច្រវាក់​​ជើង​បែប​នេះ​វា​ជាករណី​​​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​មួយ។