មតិស្វាគមន៍ លោក ធន សារាយ ប្រធានសមាគមអាដហុក ក្នុងសិក្ខាសាលាស្តីពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា

តាងនាមឲ្យអ្នករៀបចំកម្មវិធី នៃសិក្ខាសាលា ដ៏មានសារសំខាន់នេះ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅ និងសូមថ្លែងអំណរគុណ ជាពន្លឹកដល់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា ទាំង​អស់ដែលបាន ចំណាយពេលវេលា ដ៏មានតម្លៃមកចូលរួមសិក្ខាសាលា នាពេលពីរថ្ងៃនេះ។ សូមថ្លែង​អំណរគុណ ផងដែរដល់អាជ្ញាធរខេត្ តដែលបានចាត់តំណាង ឬអភិបាលរងខេត្ត មកចូល​រួមសិក្ខាសាលា​នេះ។ អស់រយៈពេលជិតម្ភៃឆ្នាំ មកហើយដែល ប្រទេសកម្ពុជា យើងបានអនុវត្តន៍ នូវប្រព័ន្ធនយោបាយ សេរីពហុបក្ស និងការគោរពសិទ្ធិមនុស្ស។ បើយើងធ្វើការប្រៀបធៀប ស្ថានភាពបច្ចុប្បន្នទៅនឹង    ស្ថាន​ភាព ២០ឆ្នាំមុន យើងអាចមើលឃើញទិដ្ឋភាពជាច្រើន ដែលមានការផ្លាស់ប្តូរ រីកចំរើនច្រើន ប៉ុន្តែក៏​នៅមានទិដ្ឋភាពខ្លះ ទៀតដែលពុំសូវមាន ការវិវត្តន៍ រីកចំរើនប៉ុន្មានទេ។ ខ្ញុំនៅចាំបានថាកាល ពីជិត ២០ ឆ្នាំមុន គឺចុងឆ្នាំ ១៩៩២ នៅពេលដែល សមាគមអាដហុក បាន​បើកទីស្នាក់ការ របស់ខ្លួន នៅតាម បណ្តាខេត្ត ពេលនោះមាន ខេត្តមួយ មន្រ្តីខេត្ត បានប្រើប្រាស់ប៉ូលីស និង​យោធា​ជាង ១០០នាក់ និងរថពាសដែក មួយគ្រឿងមកគំរាម សកម្មជនរបស់យើង ៣នាក់ ដែលមានតែ ​សៀវភៅ និងប៊ិក មិនអោយបើក ការិយាល័យ របស់យើងនៅ ទីនោះទេ។ បើយើង​ប្រៀប​ធៀប ​ពេលនោះ​​មកស្ថានភាព បច្ចុប្បន្ន ដែលមានអង្គការ រាប់រយ-ពាន់ កំពុងធ្វើសកម្មភាព នៅគ្រប់ទី​កន្លែង ​នៅទូទាំង​ប្រទេស យើងឃើញថា ខុសគ្នាឆ្ងាយណាស់។ ពាក្យសិទ្ធិមនុស្ស ដែលពីមុន មានមនុស្សតិចតួច ណាស់ដែលស្គាល់ និងយល់ពាក្យនេះ ប៉ុន្តែ​ឥឡូវ​ពាក្យនេះបានក្លាយទៅជាពាក្យ ប្រជាប្រិយមួយ ដែលប្រជាជន សាមញ្ញម្នាក់ ក៏គាត់ចេះប្រើ និង​ទាមទារ​ ការពារសិទ្ធិ របស់គាត់ដែរ។ ប្រភេទនៃសិទ្ធិខ្លះ បានរីកចំរើនប្រសើរឡើង ប៉ុន្តែក៏មានប្រភេទ​សិទ្ធិ​ខ្លះ​​ទៀតនៅពុំទាន់ រីកចំរើនល្អ ប្រសើរនៅឡើយ។ ឧទាហរណ៍ ការសម្លាប់ ក្រៅច្បាប់ និងការ​សម្លាប់ ​​ដោយហ្វួងមហាជន បានធ្លាក់ចុះយ៉ាងច្រើន សឹងតែពុំកើតមានទៀត ប៉ុន្តែសិទ្ធិដីធ្លីពី ២០ឆ្នាំមុន ពុំសូវ​មាន បញ្ហាទេ តែឥឡូវនេះបែរជាមានបញ្ហាធ្ងន់ធ្ងរ ទៅវិញ។