ពោធិ៍សាត់ (១៤ កក្កដា ២០១៥)៖ ប្រជាពលរដ្ឋជាង ២០០នាក់នៅឯស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥នេះ ដាក់ពាក្យបណ្ដឹងប្រឆាំងនឹងអាជ្ញាធរមូលដ្ឋាននៅឃុំស្វាយសរ និងឃុំឈើតុំ ដោយបានចោទប្រកាន់អ្នកទាំងនោះថាបានធ្វើសកម្មភាពឈូសឆាយដីព្រៃនៅតំបន់ភ្នំតាកុច យកធ្វើជាសកម្មសិទ្ធិផ្ទាល់ខ្លួន។
យោងតាមពាក្យបណ្ដឹងមួយច្បាប់ដែលដាក់ជូនសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តពោធិ៍សាត់ និងភ្ជាប់មកជាមួយនូវស្នាមមេដៃប្រជាពលរដ្ឋ ២៣០នាក់ បានឲ្យដឹងថា អាជ្ញាធរមូលដ្ឋានមានលោក នៅ វង្ស អនុប្រធានភូមិអន្សាចំបក់ លោក សេង ហៀង សមាជិកភូមិ និងលោក ញាំ ញិល ប្រជាការពារភូមិ នៅក្នុងឃុំស្វាយសរ និងលោក គុល សុគុន មេភូមិក្បាលទាហ៊ាន ឃុំឈើតុំ ស្រុកក្រគរ បានធ្វើសកម្មភាពឈូសឆាយ ហ៊ុំព័ទ្ធដីព្រៃយកធ្វើជាកម្មសិទ្ធិផ្ទាល់។
ប្រជាពលរដ្ឋទាំងនោះ បានបញ្ជាក់ថា សកម្មភាពខុសច្បាប់របស់អាជ្ញាធរមូលដ្ឋាននេះ បានធ្វើឲ្យបាង់បង់ផលអនុផលព្រៃឈើ និងកន្លែងឃ្វាលគោក្របីរបស់ប្រជាពលរដ្ឋរាប់រយហិកតា។
ដីព្រៃរាប់រយហិកតានោះ ត្រូវបានប្រជាពលរដ្ឋទាមទារយកពីក្រុមហ៊ុនភាពីម៉ិចកាលពីឆ្នាំ២០១១ និងរក្សាទុកសម្រាប់បំពេញតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕