ប្រវត្តិសង្ខេបសព លោក ចាន់ សុវ៉េត វរៈជនការពារសិទ្ធិមនុស្សសមាគមអាដហុក
ទទួលមរណៈភាពថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង២ៈ០០រសៀល ក្នុងជន្មាយុ ៥១ឆ្នាំ ដោយរោគគាពាធ
វរៈជនការពារសិទ្ធិមនុស្ស លោក ចាន់ សុវ៉េត បានចាប់កំណើត នៅក្នុងឆ្នាំរោង គ្រឹស្គរាជ្យ ១៩៦៣ នៅក្នុងភូមិកណ្តាល ឃុំព្រៃរ៉ៃ ស្រុកល្វាឯម ខេត្តកណ្តាល ដែលមានឪពុកឈ្មោះ និត ពាន (បានស្លាប់សម័យប៉ុល ពត) ម្តាយឈ្មោះ ចាន់ សារឿន ស្លាប់ក្នុងឆ្នាំ១៩៨០។ វរៈជនការពារសិទ្ធិមនុស្ស លោក ចាន់ សុវ៉េត មានបងប្អូនបង្កើតចំនួន៥នាក់ ហើយលោក គឺជាកូនទី៣ បងស្រីទី១ឈ្មោះ នុត ចាន់វណ្ណារី អាយុ៥៤ឆ្នាំ បងស្រីទី២ឈ្មោះ នុត ចាន់វណ្ណី អាយុ៥២ឆ្នាំ ទី៣លោក ចាន់ សុវ៉េត ប្អូនស្រីទី៤ ឈ្មោះ នុត ចិន្តា អាយុ៤៥ឆ្នាំ ប្អូនប្រុសទី៥ ឈ្មោះ និត ចាន់សម្ជស្ស អាយុ ៤២ឆ្នាំ ។ ក្នុងចំណោមបងប្អូនទាំងប្រាំនាក់នោះ គឺមានតែវរៈជនការពារសិទ្ធិមនុស្ស លោក ចាន់ សុវ៉េត តែម្នាក់ប៉ុណ្ណោះ ដែលបានចូលរួមប្រឡូកការងារលើកស្ទួយសិទ្ធិមនុស្ស យុត្តិធម៌សង្គម និងលិទ្ធប្រជាធិបតេយ្យបានច្រើនជាងគេ។
ប្រវត្តិសិក្សាៈ
- ពីឆ្នាំ ១៩៨០ ដល់ឆ្នាំ ១៩៨៥ កុមារា ចាន់ សុវ៉េត បានចូលរៀនសាលាបឋមសិក្សាកម្ពុជបុត្រ ។
- ពីឆ្នាំ ១៩៨៥ ដល់ឆ្នាំ ១៩៨៨ លោក បានសិក្សានៅអនុវិទ្យាល័យ បឹងត្របែក ។
- ពីឆ្នាំ ១៩៨៨ ដល់ឆ្នាំ ១៩៩០ លោក បានសិក្សានៅវិទ្យាល័យ បឹងត្របែក និងទទួលបានសញ្ញាបត្រមធ្យមសិក្សាទុយតិភូមិ (បាក់ឌុប) ។ នៅវ័យកុមារភាព និងជាយុវសិស្ស លោក ចាន់ សុវ៉េត គឺជាសិស្សពូកែដ៍ឆ្នើមម្នាក់ ។
- ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ ២០០១ លោក ចាន់ សុវ៉េត បានសិក្សាមុខវិជ្ជាច្បាប់រហូតដល់ទទួលបានអនុបណ្ឌិតច្បាប់ នៅក្នុងសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ ។
- ក្នុងឆ្នាំ ១៩៩៨ វរៈជនការពារសិទ្ធិមនុស្ស លោក ចាន់ សុវ៉េត បានរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី ប៊ី សុភាពដែលបច្ចុប្បន្នអាយុ ៤៥ឆ្នាំ ។ ចំណងដៃនៃអាពាហ៍ពិពាហ៍នេះបានផ្តល់កំណើតដល់កូនប្រុសស្រីចំនួន ៣នាក់ កូនប្រុសទី១ ឈ្មោះ ចាន់ សុវិសាល កើតឆ្នាំ១៩៩៨ បច្ចុប្បន្នកំពុងតែសិក្សាថ្នាក់ឧត្តមសិក្សាផ្នែកនីតិសាស្ត្រ កូនប្រុសទី២ ឈ្មោះ ចាន់ សុវុទ្ធី អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៨ អនុវិទ្យាល័យ ទួលទំពូង និងកូនស្រីពៅឈ្មោះ ចាន់ សុលិកា អាយុ០៩ឆ្នាំ រៀនថ្នាក់ទី៣ នៃបឋមសិក្សាទួលទំពូង ។
ប្រវត្តិការងារៈ
- ឆ្នាំ ១៩៩០ លោក ចាន់ សុវ៉េត បានបំរើការងារជានាយទាហានផ្នែកកាំភ្លើងធំ
- ឆ្នាំ ១៩៩៣ ដល់ឆ្នាំ ១៩៩៤ លោក ចាន់ សុវ៉េត ធ្វើជាគ្រូបង្រៀនជាភាសាអង់គ្លេស នៅសាលាឯកជនសំពៅមាស ។
- ឆ្នាំ ១៩៩៣ ជាមន្ត្រីបំរើការងារបោះឆ្នោតនៃអាជ្ញាធរបណ្តោះអាសន្ន អង្គការសហប្រជាជាតិ (អ៊ុនតាក់)
- ឆ្នាំ ១៩៩៥ ដល់ថ្ងៃ១០ ធ្នូ ឆ្នាំ២០១៤ ចូលបំរើការងារជាមន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ក្នុងសមាគមអាដហុក ។
ស្នាដៃការងារៈ
លោក ចាន់ សុវ៉េត បានលះបង់ពេលវេលាអស់ពីកម្លាំងកាយចិត្ត បំរើប្រជាពលរដ្ឋខ្មែរស្ទើគ្រប់ករណីរំលោភសិទ្ធិមនុស្ស និងបញ្ហាអយុត្តិធម៌សង្គមនានា នៅក្នុងប្រទេសកម្ពុជាប្រកបដោយឆន្ទះដ៍ខ្ពង់ខ្ពស់បំផុត។
លោក ត្រូវបានប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងនៅទីក្រុង និងជនបទដាច់ស្រយាល អង្គការជាតិ និងអន្តរជាតិ ទីភ្នាក់ងារសហប្រជាជាតិផ្សេងៗ ដៃគូម្ចាស់ជំនួយ និងស្ថានទូតនានា ចាត់ទុកលោក ចាន់ សុវ៉េត ជាវរៈជនការពារសិទ្ធិមនុស្ស និងជាមនុស្សដ៍សំខាន់ម្នាក់ ដែលគួរអោយគោរពស្រឡាញ់រាប់អាន ហើយកេរ្តិ៍ឈ្មោះរបស់វរៈជនការពារសិទ្ធិមនុស្ស លោក ចាន់ សុវ៉េត បានក្រអូបសុះសាយគ្រប់ទិសទីនៅក្នុងប្រទេសកម្ពុជា ក៍ដូចជានៅលើឆាកអន្តរជាតិ ។ កេរ្តិ៍ឈ្មោះដ៍ល្បីរន្ទឺនេះទទួលបានមកដោយភាពក្លាហាន និងសេចក្តីស្រឡាញ់យុត្តិធម៌របស់លោក វរៈជនការពារសិទ្ធិមនុស្សលោក ចាន់ សុវ៉េត បំពេញការងារសិទ្ធិមនុស្សដោយមិនមានការរាថយ និងគ្មានការភ័យក្លាចទោះបីមានការចោទប្រកាន់ពីតុលាការសាលាដំបូងរាជធានីភ្នំពេញក៍ដោយនៅឆ្នាំ២០១២ ក្នុងឆ្នាំ២០១២ នេះដដែរ ក៍មានការគំរាមគំហែងអាយុជិវិតជាច្រើនលើកច្រើនសារផងដែរ ។ លើសពីនេះទៅទៀត វរៈជនការពារសិទ្ធិមនុស្ស លោក ចាន់ សុវ៉េត មិនដែលចុះញ៉ម និងការបំភិតបំភ័យ គំរាមគំហែង ពីសំណាក់បុគ្គលមានអំណាច និងពីស្ថាប័នតុលាការដែលមិនឯករាជ្យនៅឡើយ ។ ផ្ទុយទៅវិញរិទ្ធិតែធ្វើអោយលោកមានឆន្ទះលះបង់កាន់តែខ្ពស់ ដោយពេលខ្លះបំពេញការងារទាំងយប់អធ្រាត និងថ្ងៃឈប់សំរាកទៀតផង ជាក់ស្តែងនៅថ្ងៃទី១០ ធ្នូ ឆ្នាំ២០១៤ លោក បានជិះម៉ូតូចូលរួមសង្កេតការណ៍ ការដង្ហែរក្បួននានា និងការប្រារព្ធទិវាសិទ្ធិមនុស្ស ១០ធ្នូ យ៉ាងសស្រាក់សស្រាំ បើទោះបីជាលោកមានការនឿយហត់ និងមានអាការៈមិនស្រួលខ្លួនក៍ដោយ ។
ជាអកុសវរៈជនការពារសិទ្ធិមនុស្ស លោក ចាន់ សុវ៉េត ក៍បានមរណៈភាព នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង២ៈ០០រសៀល ដែលជាថ្ងៃទិវាសិទ្ធិមនុស្សអន្តរជាតិ លើកទី៦៦ ។
យើងខ្ញុំជាបុគ្គលិកនៃសមាគមអាដហុក នឹងចងចាំនូវគំរូវីរភាពវរៈជនការពារសិទ្ធិមនុស្សលោក ចាន់ សុវ៉េត ជារៀងរហូតគ្មានថ្ងៃបំភ្លេចបានទេ និងសូមឧទ្ទិសដល់វិញ្ញាក្ខនរបស់លោកសូមទៅកាន់សុគតិភពកុំបីខាន។