នៅថ្ងៃទី ១៤ និង ១៥ ខែ មករា ឆ្នាំ ២០១៤ នារីខ្មែរពីរនាក់ឈ្មោះ ឆ.សទ ភេទស្រី អាយុ ១៨ឆ្នាំ មានស្រុកកំណើតនៅខេត្តសៀមរាប និងឈ្មោះ សខ.សភ ភេទស្រី អាយុ ១៩ឆ្នាំ មានស្រុកកំណើតនៅខេត្ត ស្វាយរៀង ត្រូវបានមេខ្យល់ឈ្មោះ ណង ឈ្មោះ គន. វទ សហការជាមួយមេបននៅប្រទេសថៃឈ្មោះ សង នាំពីភ្នំពេញយកទៅលក់អោយធ្វើជាស្រីពេស្យានៅប្រទេសថៃតាមច្រកខេត្តកោះកុង ដោយមេខ្យល់កុហកនារីរងគ្រោះទាំងពីរនាក់ថា នាំមកធ្វើការនៅខេត្តកោះកុង បានប្រាក់ខែច្រើន ។ នារីរងគ្រោះទាំងពីរនាក់ ត្រូវបានមេបននៅប្រទេសថៃ បង្ខំអោយបំរើផ្លូវភេទជាមួយភ្ញៀវ ក្នុងតម្លៃ ៥០០បាត ពេលរួមភេទជាមួយភ្ញៀវម្តង ប៉ុន្តែប្រាក់ទាំងនោះ ត្រូវបានមេបនទុកទាំងអស់ មិនអោយនារីរងគ្រោះទេ និងថែមទាំងគំរាមយកទៅលក់បន្តនៅកោះកូដ ព្រំដែនសមុទ្រថៃ និងឥណ្ឌូនេស៊ី ទៀតផង ប្រសិនបើនារីរងគ្រោះហ៊ានលួចរត់។ ដោយស៊ូទ្រាំនិងការធ្វើបាបមិនបាន នារីរងគ្រោះទាំងពីរនាក់ក៏សំរេចចិត្តលួចរត់មកប្រទេសកម្ពុជាវិញ ពេលរត់នោះ នារីរងគ្រោះត្រូវបានមេខ្យល់នៅប្រទេសកម្ពុជា ដេញចាប់នាំទៅប្រទេសថៃវិញ តែនារីរងគ្រោះបានរត់មកប្តឹងសមាគមអាដហុកខេត្តកោះកុងអោយជួយ សមាគមអាដហុកខេត្ត បានផ្តល់មេធាវី និងអន្តរាគមន៏ទៅប៉ូលិសជួញដូរខេត្តកោះកុង រហូតឃាត់ខ្លួនមេខ្យល់ចំនួន ២នាក់។សមាគមអាដហុក តាមដាននិងបន្តជំរុញកិច្ចអន្តរាគមន៏ជាបន្តទៀត។
.