ទារុណ្ណ​កម្ម​លើ​យុវជន​ស្លូត​ត្រង់​ម្នាក់​ដោយ​ក្រុម​មន្រ្តី​សមត្ថកិច្ច

Kandal 01យុវជន​ម្នាក់​ឈ្មោះ ស៊ុំ សាម៉េត អាយុ​ ២២ឆ្នាំ ជាកម្មករ​ដេប៉ូ​លក់​សាំង​ឈ្មោះ ស៊ុន សៀក ត្រូវ​ក្រុម​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ព្រៃ​កប្បាស ឈ្មោះ ឃៀម សុខា ,ឈ្មោះ ឃៀម សុខុម និង​បក្សពួក​៣នាក់​ទៀត មាន​សភាព​ស្រវឹង​មក​ចាប់​យុវជន​ខាង​លើ​​ដាក់​ខ្នោះ​ដៃទៅ​មុខ រួចនាំ​គ្នា​ព្រួត​វាយ​ដំ​ច្រំធាក់ បណ្តាល​អោយ​របួស​រហូត​ដល់​សន្លប់ និងបំរុង​ដឹក​ចេញ​ទៅ​អង្គភាព​របស់ពួក​ខ្លួន ពី​ចំណុច​ទីតាំង​កើត​ហេតុ​នៅ​ខាង​មុខ​ដេប៉ូលក់​សាំង​របស់​បុរសឈ្មោះ ស៊ុន សៀក ស្ថិត​​​ក្នុង​​ភូមិព្រៃ​ល្វា​កើត ឃុំព្រៃល្វា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ កាលពី​វេលា​ម៉ោង ៨:៣០នាទី​យប់ ថ្ងៃទី២៩ ខែវិច្ចិកា ឆ្នាំ២០១៤ ក្នុង​ខណៈ​ពេល​ដែល​យុវជនរង​គ្រោះ​ត្រឡប់​មក​ពីទិញ​បារី នៅខាង​ត្បូង​រង្វង់​មូល​ផ្សារ​ព្រៃល្វា​វិញ។

ក្នុង​ហេតុការណ៍​នេះ​ដែរ បុរស​ឈ្មោះ ស៊ុន សៀក ជាថៅ​កែ​ដេប៉ូសាំង និងកូន​ប្រុស​គាត់​ឈ្មោះ ស៊ុន ភារម្យ ទាំង​ពីរ​នាក់​ឪពុក និងកូន ដោយ​មើល​ឃើញ​យុវជន​រងគ្រោះ​ជា​កម្មករ​ដេប៉ូសាំង​របស់​ខ្លួន​សន្លប់​ដេក​ដួល​យ៉ាង​ដូច្នេះ ក៏នាំ​គ្នា​ចូល​ទៅ​ជួយ​ឃាត់ និង​រារាំង​ជន​ប្រព្រឹត្ត​ទាំង ៥នាក់ កុំអោយ​នាំ​ខ្លួន​យុវជន​រងគ្រោះ​ទៅ​អង្គភាព ដោយ​រងចាំ​សមត្ថ​កិច្ច​ប៉ូលិស​ប៉ុស្ត៍ ឃុំព្រៃល្វា មកដល់​ដោះ​ស្រាយ​គ្នាសិន តែជន​ប្រព្រឹត្ត​ទាំង​នោះ​មិន​ព្រម​ស្តាប់​នោះទេ ហើយ​ថែម​ទាំង​ព្រួត​គ្នា​វាយ​ដំមក​លើបុរស​ទាំង​ពីរនាក់​ឪពុក និងកូន​ ថែមទៀត បណ្តាល​អោយ​បុរស​ជា​ឪពុក​រង​របួស​ពកក្បាល​ផ្នែក​ខាង​មុខ និង​គ្រេច​ម្រាម​ដៃ រីឯ​កូន​ប្រុស​គាត់​វិញ​រង​របួស​ពក​ក្បាល, ជាំភ្នែក​ខាង​ឆ្វេង និងជាំ​ដៃខាង​ឆ្វេងផង​ដែរ។ មួយសន្ទុះ​ក្រោយ​មក​ក៏មាន​លោក ប៉ុល ប៊ុណ្ណា ជានាយ​នគរ​បាល​ប៉ុស្តិ៍​រដ្ឋបាល​ស្តីទី បាន​ដឹក​នាំកម្លាំង​នគរ​បាល ៨នាក់ មកហាម​ឃាត់​មិន​អោយ​បន្តការ​វាយដំ និង​មិន​អោយ​នាំខ្លួន​យុវជន​រងគ្រោះ​ទាំង​របួស​ពេញខ្លួន​ទៅអង្គភាព​រាជ​អាវុធ​ហត្ថ​ស្រុក​នោះទេ តែជន​ប្រព្រឹត្ត​ទាំង​ ៥នាក់​មិន​ព្រម​ស្តាប់​ទៀត ហើយ​រឹតតែ​ផ្គើន​ចង់​បន្ត​សកម្មភាព​អុកឡុក​ដល់​លំ​នៅ​ដ្ឋាន​ប្រជាពលរដ្ឋ​ទៀត ខណៈ​ហើយ​ទើប​លោក​នាយប៉ុស្តិ៍​ចេញ​បញ្ជា​អោយ​កម្លាំង​ដែល​អម​ទៅជា​មួយ​រូបលោកចំនួន ៨នាក់​​​ ​ធ្វើ​ការ​អន្តរាគមន៍ និងទាក់​ទង​ទៅ​អធិការ​ស្រុក​ស្នើសុំ​កម្លាំង​មក​ជួយ​អន្តរាគមន៍​បន្ថែម ដោយ​ឮ​បែបនេះ ក្រុម​ជន​ប្រព្រឹត្ត​ទាំង ៥នាក់ ក៏​ទម្លាក់​យុវជន​រងគ្រោះ​ពីម៉ូតូ​របស់ខ្លួន រួចនាំ​គ្នាជិះ​ចេញ​ទៅបាត់។ បន្ទាប់​មក​ក្រុម​គ្រួសារ​លោក ស៊ុន សៀក ក៏នាំ​គ្នា​ដឹក​យុវជន​រងគ្រោះ​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ព្រៃ​កប្បាស ដើម្បី​ព្យាបាល​របួស។

ក្រោយ​ពីកើត​ហេតុ​នេះ នៅព្រឹក​ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៤ យុវជន​រងគ្រោះ​បាន​ដាក់​បណ្តឹង​ចូល ទៅ​សាលា​ដំបូង​ខេត្ត​តាកែវ ទៅ​តាម​ផ្លូវ​ច្បាប់​រួច​ហើយ ដើម្បី​សុំ​អោយ​តុលាការ​រក​យុត្តិធម៌ និង​ទាមទារ សំណង​ជំងឺចិត្ត ពីជន​ប្រព្រឹត្តទាំងនោះ។

សូម​បញ្ជាក់​ថា ថៅ​កែ​ដេប៉ូសាំង និង​ប្រជាពល​រដ្ឋ ដែល​បាន​ស្គាល់​យុវជន​រងគ្រោះ​ទាំងអស់ អះអាងថា យុវជនរង​គ្រោះ ជា​មនុស្ស​ម្នាក់​មាន​ចរឹត​ស្លូត​បូត មិនដែល​ប្រព្រឹត្ត​អំពើ​អ្វី​ខុស​ច្បាប់ ឬខុស​សិល​ធម៌​អ្វីនោះ​ទេ នា​ពេល​កន្លង​មក​នេះ។