សមាគមអាដហុក ចាត់ទុកការកោះហៅលោក កឹម សុខា ឲ្យចូលបំភ្លឺនៅតុលាការរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៥ គឺជាការអនុវត្តខុសនីតិវិធីព្រហ្មទណ្ឌទៅលើតំណាងរាស្ត្រមានអភ័យឯកសិទ្ធិ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា។
លោក នី ចរិយា ប្រធានផ្នែកសិទ្ធិមនុស្ស និងជំនួយផ្លូវច្បាប់ នៃសមាគមអាដហុក ដែលបានឃ្លាំមើលករណីនេះ បានឲ្យដឹងថា នីតិវិធីព្រហ្មទណ្ឌ បានតម្រូវឲ្យតុលាការស្នើទៅឲ្យរដ្ឋសភាតាមរយៈក្រសួងយុត្តិធម៌ ឲ្យព្យួរអភ័យឯកសិទ្ធិតំណាងរាស្ត្រ មុននឹងកោះហៅតំណាងរាស្ត្រនោះឲ្យចូលបំភ្លឺ។
លោកឲ្យដឹងថា ករណីលោក កឹម សុខា មិនមែនជាករណីបទឧក្រិដ្ឋជាក់ស្ដែងនោះឡើយ ហើយតុលាការត្រូវតែអនុវត្តតាមនីតិវិធីព្រហ្មទណ្ឌ បើទោះបីជាលោក កឹម សុខា បានទទួលអភ័យឯកសិទ្ធិតំណាងរាស្ត្រក្រោយការចោទប្រកាន់ក៏ដោយ។
លោក កឹម សុខា អនុប្រធានរដ្ឋសភា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ បានបង្ហាញវត្តមាននៅក្នុងតុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៥ ដើម្បីឆ្លើយបំភ្លឺតុលាការអំពីបាតុកម្មរបស់គណបក្សនេះកាលពីឆ្នាំ២០១៣ និងឆ្នាំ២០១៤។
ការសាកសួរបានធ្វើឡើងតាំងពីព្រឹក និងបន្តរហូតដល់ពេលរសៀលនៃថ្ងៃដដែល ក្រោមការឃ្លាំមើលពីមន្ត្រីសិទ្ធិ អ្នកសារព័ត៌មាន និងក្រុមអ្នកគាំទ្ររបស់គណបក្សប្រឆាំង។
លោក កឹម សុខា បានធ្វើដំណើរចូលទៅក្នុងអគារតុលាការរាជធានីភ្នំពេញ ដោយមានការអមដំណើរពីបណ្ដាតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ និងក្រុមមេធាវី៕