នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង ១៥រសៀល មាននារីរងគ្រោះនឹងវិលត្រឡប់មកពី ប្រទេសចិនវិញតាមជើងយន្តហោះអង្គរអ៊ែរ ។
ជនរងគ្រោះឈ្មោះ ជ ស ជ ទើបតែអាយុ ១៨ឆ្នាំ ប៉ុន្តែត្រូវមេខ្យល់បានកែអត្តសញ្ញាណឲ្យទៅជា អាយុ ៣១ឆ្នាំ ។ មេខ្យល់បានបោកបញ្ឆោតនារីរងគ្រោះកំពុងធ្វើការនៅក្នុងរោងចក្រកាត់ដេរ ក្នុងរាជធានីភ្នំពេញថា ជួយរកការងារធ្វើនៅរោងចក្រកាត់ដេរឯប្រទេសចិន បានប្រាក់ខែក្នុងមួយខែចំនួន ៨០០ដុល្លារ និងមានការគោរពសិទិ្ធកម្មករត្រឹមត្រូវជាងនៅប្រទេសកម្ពុជា ។
ជនរងគ្រោះ ជ ស ជ បានចេញទៅប្រទេសចិនតាំងពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៣ រួមជាមួយ និងនារីរងគ្រោះ ៣នាក់ផ្សេងទៀត តាមរយៈមេខ្យល់ដូចគ្នា ។ ក្រុមមេខ្យល់មានបណ្តាញតាំងពីប្រទេសកម្ពុជាដល់ប្រទេសចិន ។
ជ ស ជ ត្រូវបានមេខ្យល់លក់ឲ្យបុរសជនជាតិចិនម្នាក់ក្នុងតម្លៃ ៩០០០ដុល្លារ ដែលជាមនុស្ស ឡប់សតិ ចេះតែវាយធ្វើបានជនរងគ្រោះ និងបង្ខំរួមភេទឥតឈប់ឈរ ។
ជនរងគ្រោះបានរត់មកដល់ស្ថានអគ្គកុងស៊ុលខ្មែរប្រចាំខេត្តគ័ងចូវ នៅដើមខែវិច្ឆិកា ឆ្នាំ២០១៤នេះ និងត្រូវបានមន្រ្តីអគ្គកុងស៊ុលជួយអន្តរាគមន៍បញ្ចូនមកវិញ ។
សមាគមអាដហុក បានខ្នះខ្នែងធ្វើការអង្កេត រួចអន្តរាគមន៍នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងមហាផ្ទៃ និងមន្រ្តីអគ្គកុងស៊ុលខ្មែរប្រចាំខេត្តគ័ងចូវ បន្ទាប់ពីបានទទួលពាក្យបណ្តឹងរបស់ម្តាយជនរងគ្រោះកាលពីខែសីហា ឆ្នាំ២០១៤ ។
ពត៌មានលំអិតទំនាក់ទំនង
-អ្នកស្រី ឆន សុគន្ធា ប្រធានផ្នែកស្រ្តី និងកុមារ ០១២៣៤៤៧១៩/០១៦ ៨៧៣ ២០៩
-អ្នកស្រី លឹម មុនី មន្រ្តីអង្កេតផ្នែកស្រ្តី និងកុមារ ០១២ ៨៣៤ ៤៤៩