ដោយមានការស្នើសុំ និងយល់ព្រមពីគូភាគីទំនាស់ទាំងពីរ កាលរសៀលម៉ោង២ ថ្ងៃទី ១៣ ខែ មីនា ឆ្នាំ២០១៣ នៅសាលាឃុំស្រែចារ លោកស្រី ធីម ណារិន អ្នកសម្របសម្រួលសមាគមអាដហុកខេត្តក្រចេះ ដោយមានការចូលរួមសហការពីលោក អ៊ុក សារ៉ា មេឃុំស្រែចារ និង លោកស្រី លឹម សាវ៉ន សមាជិកក្រុមប្រឹក្សាឃុំ បានដំណើរការកិច្ចសម្រុះសម្រួលករណីទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃមួយរវាងបងប្អូនពីរនាក់គឺៈ (១)ឈ្មោះ អឿន ដានី ភេទស្រី អាយុ ៤៧ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិស្រែចារ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ និង (២)ឈ្មោះ អឿន ស្រីពៅ ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរជាអាជីវករលក់ដូរ រស់នៅភូមិផ្លាក ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលត្រូវជាប្អូនបង្កើត ។
តាមការស្រាវជ្រាវរបស់សមាគមអាហុកឃើញថា ទំនាស់នេះកើតឡើយតាំងពីឆ្នាំ២០០៩ គឺនៅ បន្ទាប់ពីពេលដែលឈ្មោះ អឿន ស្រីពៅបានមកសុំយកដីដែលខ្លួនអះអាងថា បានឲ្យឈ្មោះ អឿន ដានី ជាបងស្រីបង្កើត ទិញនិងរស់នៅមើលថែទាំតាំងពីឆ្នាំ២០០៥ ដើម្បីលក់យកលុយរកស៊ី បន្ទាប់ពីគាត់បានលែងលះគ្នាជាមួយប្តី។ ប៉ុន្តែត្រូវបានបងស្រី អឿន ដានី បដិសេធមិនព្រមប្រគល់ឲ្យ ដោយសំអាងថាៈ (ទី១) ដីដែលប្អូនស្រីរបស់គាត់បានឲ្យលុយមកទិញកាលនោះមានទំហំក្បាលតែ៤០ម៉ែត្រប៉ុណ្ណោះ មិនមែនទំហំក្បាល៧៩,៥ម៉ែត្រ ដូចបច្ចុប្បន្នដែលគាត់បានទិញបន្ថែមនេះទេ និង (ទី២) ប្អូនស្រីគាត់មិនបានផ្តល់កម្រៃមើលថែទាំតាមការសន្យា ។
ដោយកើតទុក្ខមិនសុខចិត្តឈ្មោះ អឿន ស្រីពៅ ក៏បានដាក់ពាក្យប្តឹងទៅសាលាឃុំ ដើម្បីឲ្យជួយដោះស្រាយ ។ នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០០៩ លោក ភន ឈន មេឃុំស្រែចារបានបើកកិច្ចប្រជុំដោះស្រាយ ដែលជាលទ្ធផលភាគីទាំងពីរបានសំរេចពុះដីក្បាល៤០ម៉ែត្រចែកគ្នា ដោយភាគី អឿន ស្រីពៅ យក២៥ម៉ែត្រ ឯភាគី អឿន ដានី យក១៥ម៉ែត្រ ។ តែករណីនេះមិនអាចបញ្ចប់បាន ដោយសារនៅថ្ងៃចុះអនុវត្តការវាស់វែង ឈ្មោះ អឿន ដានី ប្រែក្រឡះមិនព្រមគោរពតាមការព្រមព្រៀង ដោយអឿន ដានីជាបង បានទាមទារ ប្រាក់ថ្លៃឈ្នួលថែទាំ និងកាប់ឆ្កាព្រៃពីប្អូនស្រី តាមការកំណត់មួយខែ៥ម៉ឺនរៀល និងអង្ករមួយបាវបន្ថែមទៀត។
បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈ នៅខែធ្នូ ឆ្នាំ ២០១២ ឈ្មោះ អឿន ស្រីពៅ ក៏បានដាក់ពាក្យប្តឹងម្តងទៀតមកសាលាឃុំ តែដំណោះស្រាយនៅតែភាគី អឿន ដានី មិនឯកភាព ។ ដូចគ្នានេះដែរ បន្ទាប់ពីទទួលបានករណីនេះពីអាជ្ញាធរឃុំ នៅថ្ងៃទី ០៨ ខែ មីនា ឆ្នាំ ២០១៣ ខាងសាលាស្រុកស្នួលក៏បានធ្វើការដោះស្រាយ ជាលទ្ធផលនៅតែភាគីទាំងពីរមិនឯកភាពគ្នាដដែល ។ ទើបតែនៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០១៣ ដោយមានការប្រើប្រាស់នូវឧបករណ៍ដោះស្រាយទំនាស់ទាំង៥ជំហាន ដែលបង្កើតឡើងដោយសមាគមអាដហុក ក្រោមការឧបត្ថម្ភគាំទ្ររបស់សាកលវិទ្យាល័យធីលប័ក រួមជាមួយនឹងការខិតខំប្រឹងប្រែងប្រកបដោយទេពកោសល្យរបស់លោកស្រី ធីម ណារីន ទើបធ្វើឲ្យភាគីទាំងពីរ ព្រមព្រៀងគ្នាដោយស្ម័គ្រចិត្តដើម្បីបញ្ចប់ករណីនេះ ដោយភាគីទាំងពីរយល់ព្រមពុះដីក្បាល៧៩,៥ម៉ែត្រ ជាពីរចំណែកស្មើគ្នា ព្រមទាំងភាគី អឿន ស្រីពៅ ផ្តល់ថវិកាចំនួន៥០ម៉ឺនរៀលបន្ថែមទៀតដល់ភាគី អឿន ដានី សំរាប់ជាកម្រៃថែទាំកន្លងមក ។
បន្ទាប់ពីចប់កិច្ចដំណើរការសម្រុះសម្រួល លោកមេឃុំបានរាយការណ៍ជូនលោកប្រធានក្រុមប្រឹក្សាស្រុកស្នូល អំពីលទ្ធផលនៃដំណើរការដោះស្រាយដ៏មានប្រសិទ្ធភាពរបស់សមាគមអាដហុក ឈានដល់កិច្ចព្រមព្រៀង និងបញ្ចប់ជំលោះរុំារ៉ៃនេះបាន ។ កន្លងមកការងារនេះ ខាងអាជ្ញាធរឃុំ និងស្រុកមិនមានលទ្ធភាពធ្វើការដោះស្រាយបាន ហើយមានគំរោង និងបញ្ជូនករណីនេះទៅថ្នាក់ខេត្តបន្ត ។ អាជ្ញាធរមូលដ្ឋាន មានការសប្បាយរីករាយអំពីលទ្ធផលនេះ និងសូមថ្លែងអំណរគុណដល់សមាគមអាដហុក ដែលជួយក្នុងការស្រុះសម្រួលទំនាស់នេះ ។
ពត៌មានបន្ថែមទំនាក់ទំនង
លោកស្រី ឆន សុគន្ធា ០១៦៨៧៣ ២០៩
លោក នី សុខា ០១២៩៦៣ ៨៦០