ថ្ងៃទី៤ កញ្ញា ឆ្នាំ២០១៣ កម្មវិធីវីទ្យុរបស់សមាគមអាដហុក បានផ្តល់នូវព័ត៌មានថ្មីអំពីសាលាក្តីខ្មែរ ក្រហមជូនសាធារជន។កម្មវិធីនេះជាកម្មវិធីផ្សាយបន្តផ្ទាល់តាមរយស្ថានីយវិទ្យុសម្បុកឃ្មុំ (១០៥) ចាប់ពីម៉ោង៧-៣០ដល់ម៉ោង៨-៣០នាទីព្រឹក។ វាគ្មិនកិត្តយសពីររូប ១) លោកឡាត់ គី អ្នកសម្របសម្រួលកម្មវិធីគំរោងយុត្តិធម៌សាលាក្តីខ្មែរក្រហមរបស់សមាគមអាដហុក និង២)លោក ហុង គឹមសួន សហមេធាវីតំណាងដើមបណ្តឹងរដ្ឋប្បវេណីនៃសាលាក្តីខ្មែរក្រហម បានផ្តល់នូវព័ត៌មានថ្មីៗអំពីការវិវត្តន៍នៅសាលាក្តីខ្មែរក្រហម ។ ព័ត៌មានទាំងនោះរួមមាន ១) កាខ្វះថវិកាបើកឲ្យបុគ្គលិកខ្មែរ ២) ដំណើរការសវនាការធ្វើសេចក្តីសន្និដ្ឋានបិទបញ្ចប់សំណុំរឿង០០២/០១ និង៣) បានរំលឹកនូវគោលដៅចម្បងរបស់សាលាក្តីខ្មែរក្រហម ក្នុងការជួយបញ្ចប់នីរទណ្ឌភាពនៅកម្ពុជា ចន្លោះពីឆ្នាំ១៩៧៥-១៩៧៩ និងការជួយលើវិស័យកែទម្រង់ប្រព័ន្ធតុលាការជាតិ តាមរយនៃការផ្តល់ជាគំរូល្អនិងយុត្តិសាស្រ្តល្អសម្រាប់ដំណើរការដេញដោលធានានូវយុត្តិធម៌តាមបទដ្ឋានស្តង់ដារអន្តរជាតិចំពោះបទឧក្រិដ្ឋធ្ងន់ធ្ងរ។ ដោយសង្ខេបចំពោះបញ្ហាប្រឈមនឹងកង្វះថវិកាបើកឲ្យបុគ្គលិកខ្មែរ ប្រទេសជប៉ុន បានអនុញ្ញាឲ្យសាលាក្តីខ្ចីថវិកាក្នុងគំរោងដែលជប៉ុនជួយភាគីអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាអន្តរកាលនេះ។ ប៉ុន្តែជំហរជារួមរបស់ម្ចាស់លុយ ក៏ដូចជាភាគីអង្គការសហប្រជាជាតិមានបំណងចង់ឲ្យរដ្ឋាភិបាលកម្ពុជា ជាសហភាគីនៃកិច្ចព្រមព្រៀងបន្ថែមវិភាគទានជួយដល់បុគ្គលិកខ្មែរក្នុងការបន្តដំណើរការឆ្ពោះទៅមុខ ។ សម្រាប់ដំណើរការនីតិវិធីវិញ អង្គជំនុំជម្រះសាលាដំបូងនឹងបើកសវនាការធ្វើសេចក្តីសនិដ្ឋានបញ្ចប់សំណុំរឿង០០២/០១ នឹងចាប់ផ្តើមពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី៣១ ខែតុលាកា ឆ្នាំ២០១៣ ។ បន្ទាប់ពីសវនាការធ្វើសេចក្តីសន្និដ្ឋានបិទបញ្ចប់កិច្ចដេញដោល អង្គជំនុំជម្រះសាលាដំបូង នឹងធ្វើសវនាការប្រកាសសាលក្រមនៃសំណុំរឿង០០២/០១ក្នុងពេលបន្ទាប់ ។ ប៉ុន្តែសម្រាប់បេសកកម្មរបស់អង្គជំនុំជម្រះសាលាដំបូង អាចនឹងបញ្ចប់កិច្ចការខ្លួនត្រឹមសំណុំរឿង០០២/០១ ឬអាចបន្តការងារលើសវនាការលើសំណុំរឿង០០២/០២ ថ្មីទៀត ឬក៏អាចបន្តសវនាការសំណុំរឿង០០៣ សំណុំរឿង០០៤ ឬយ៉ាងណាទេ ? ចំណុចសំខាន់វាពឹងអាស្រ័យនឹងស្ថានការណ៍ថវិការបស់ម្ចាស់ជំនួយ និងការកែទម្រង់របស់សាលាក្តីឲ្រប្រែប្រួលតាមនិន្នាការរបស់ម្ចាស់លុយ និងភាគីអង្គការសហប្រជាជាតិ ។ ដោយឡែកសម្រាប់ការបំពេញគោលដៅនៃបេសកកម្មរបស់សាលាក្តីវិញ សាលាក្តីគួរតែបន្តកិច្ចការខ្លួនឆ្ពោះទៅមុខ និងជំនះរាស់ឧបស័គ្គទាំងឡាយដើម្បីបង្កើនទឹកចិត្តរឹងម៊ាំរបស់ខ្លួនក្នុងការបំពេញកិច្ចការដើម្បីជួយកម្ពុជា ក្នុងការបញ្ចប់នីរទណ្ឌភាពក្នុងដែនយុត្ថាធិការរបស់ខ្លួន ជាគ្រឹះរឹងម៊ាំមួយសម្រាប់កម្ពុជាខ្លួនឯងកាត់បន្ថយបន្តើរៗឈានទៅលុបបំបាត់ទាំងស្រុងនូវនីរទណ្ឌភាពក្នុងអំលុងពេលអន្តរកាល និងអនាគតខាងមុខ។ បើសិនជា គ្រឹះបេតុងនេះមិនរឹងម៊ាំ កម្ពុជាគ្មានលទ្ធភាពឡើយក្នុងការកាត់បន្ថយក្នុងពេល ៣០ឆ្នាំខាងមុខ។ បើសិនជា អំពើនីរទណ្ឌភាពនៅបន្តកើតមានធំធាត់ វាជះឥទ្ធិពលដល់ប្រសិទ្ធភាពនៃកំណែទម្រង់តុលាការ ជាពិសេសឯករាជ្យភាព ។
ក្នុងដំណើរការវិទ្យុពេលនេះ មានប្រិយមិត្តចំនួន៧រូប បានចូលរួមផ្តល់ជាមតិនិងសនួរពាក់ព័ន្ធនឹងប្រធានបទ ជាពិសេសភាគច្រើនចង់ដឹងពីការបញ្ចប់ដំណើរការទាំងស្រុងនៅពេលណា? អត្ថប្រយោជន៍របស់ជនរងគ្រោះពីសាលាក្តីខ្មែរក្រហមបានអ្វីខ្លះ? យុត្តិធម៌ត្រង់ណាខ្លះដែលជនរងគ្រោះនឹងបានទទួល ជាដើម ។ល។
យើងខ្ញុំ នឹងសម្រាំងយកប្រធានបទផ្សេងៗសម្រាប់ផ្តល់ជូនសាធាជន នៅពេលក្រោយទៀត ។